ឯកឧត្តម​អភិសន្តិបណ្ឌិតស សុខា​៖ក្រសួងមហាផ្ទៃ​នឹងកំណត់​​កម្រិតកម្ពស់​ថ្មីសម្រាប់​បេក្ខជ​ន​ប្រឡងចូលក្របខ័ណ្ឌន​គរបាលជាតិចា​ប់ពីឆ្នាំ២០​២៥តទៅ

ក្រសួងមហាផ្ទៃនឹងកំណត់ជាថ្មីនូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទដែលមានបំណងប្រឡងយកក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាមការថ្លែងឱ្យដឹងពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

ពីវេទិកាអធិបតី ដែលមានសិក្ខាកាមជ័យលាភីភាគច្រើនជាសិស្សនិងនិស្សិតក្នុងខេត្តព្រៃវែង ជិត ៤០០នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា សម្រាប់បេក្ខជនប្រឡងជ្រើសរើសនគរបាលជាតិ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រ ឡើងទៅ ចំណែកបេក្ខជនជាស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ ឡើងទៅ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិតសសុខាទន្ទឹមនឹងការកម្រិតកម្ពស់ថ្មីលើបេក្ខជនទាំងពីរភេទក្រសួងមហាផ្ទៃក៏បានរៀបចំរួចជាស្រេចហើយដែរនូវលិខិតបទដ្ឋាននិងយន្តការគណៈកម្មការដើម្បីត្រៀមអនុវត្តការប្រឡងជ្រើសរើសមន្ត្រីនគរបាលតាមគោលការណ៍ថ្មីប្រកបដោយតម្លាភាពនិងចំគោលដៅ ក្នុងនោះក៏រួមទាំងការផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិនិងមានសមត្ថភាពទាំងឡាយណាដែលមានទីលំនៅក្នុងមូលដ្ឋានមានតម្រូវការក្របខណ្ឌនោះផ្ទាល់តែម្ដង។ភ្ជាប់នឹងជ័យលាភីទាំង ៣៧៨អង្គ/នាក់ដែលទទួលការបណ្ដុះបណ្ដាលជំនាញរដ្ឋបាល និងផលិតវីដេអូតាមទូរសព្ទនិងកុំព្យូទ័រឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់លក្ខខណ្ឌ ត្រៀមចូលរួមប្រឡងយកក្របខណ្ឌនគរបាលជាតិនាពេលខាងមុខ ដោយឯកឧត្តម មានក្ដីសង្ឃឹមថាសិក្ខាកាមជ័យលាភី ដែលប្រឡងជាប់ ពិតជាចៀសមិនផុតឡើយពីការប្រើជំនាញដែលបានរៀនជាមួយក្រុមការងារយុវជនខេត្តព្រៃវែងដើម្បីសម្រួលការងារប្រចាំថ្ងៃ។ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិតក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានកោតសរសើរក្រុមការងារយុវជនខេត្ត និងភាគីពាក់ព័ន្ធដែលសហការរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីផ្ដល់ឱកាសឱ្យសិក្ខាកាមបានសិក្សាដោយឥតគិតថ្លៃនិងបញ្ចប់ដោយជោគជ័យដល់ទៅ ៣៧៨អង្គនាក់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តឱ្យក្រុមការងារយុវជនខេត្តព្រៃវែង បន្តរៀបចំវគ្គបណ្ដុះបណ្ដាលនេះឱ្យបានទៀងទាត់ និងប្រកបដោយគុណភាពដើម្បីរួមចំណែកគាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងធនធានមនុស្ស៕








































Powered by Blogger.