សម្តេចធិបតី​៖ការ​ដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែ​មួយជាតិជំរុញស​កម្មភាពពា​ណិជ្ជកម្មនៅ​កម្ពុជា

ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ចនិងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជាសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះបានគូសបញ្ជាក់ថាការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាពប្រសិទ្ធភាពនិងការជឿទុកចិត្តពីសំណាក់វិនិយោគិននិងធុរជន និងម៉្យាងទៀតគឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធីកាត់បន្ថយពេលវេលានិងការចំណាយពាក់ព័ន្ធផ្សេងៗ។

សម្តេចធិបតីបានបន្ថែមថាសមិទ្ធផលនេះក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅនិងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលនិងបង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ, និងដើម្បីកាត់បន្ថយ​បន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ ។ ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់​ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរ​ទិន្នន័យជាមួយបណ្តា​ប្រទេសជាសមាជិកអាស៊ាន នឹងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានា ពាក់ព័ន្ធ​នឹងការនាំចេញ-នាំចូល​ទំនិញ ​ដែលកន្លងមកពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នាជាច្រើនលើក មកជាការស្នើសុំតែមួយ​លើករួមគ្នាតាមទម្រង់អេឡិចត្រូនិក ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថាប្រព័ន្ធនេះរួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នឹងជួយសម្រួលដល់ ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកលើក្រដាស ទៅជាការមិនប្រើក្រដាស ។ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើងកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់និងលើសកលលោក។បើគិតពីពេលចាប់ផ្ដើមដាក់ឱ្យដំណើការ «ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា» CamDX នៅពាក់កណ្តាលឆ្នាំ ២០២០ មកដល់ដំណាច់ខែ មេសា ឆ្នាំ ២០២៤ នេះ។ក្រុមហ៊ុនចំនួន ៣៥,៧៥៥, ជាមួយនឹងទំហំដើមទុន ១០,៧៣ប៊ីលានដុល្លារអាមេរិកបានចុះបញ្ជី ដោយជោគជ័យក្នុងប្រព័ន្ធអេកូឡូស៊ីនេះ។នេះជាការលើកឡើងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ៕

Powered by Blogger.