សម្ដេចតេ​​​​ជោហ៊ុន សែនអញ្ជើញជួប​ពិភាក្សាការ​ងារជាមួយ​ឧត្តមសេនី​យ៍ជាន់ខ្ពស់មី​ន អោង​ឡាំង

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២បានជួបសន្ទនាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing )  ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ ។ 

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសំដែងក្តីរីករាយដែលបានជួប ឯកឧត្តមមីន អោងឡាំង សាជាថ្មី និង អរគុណចំពោះសារអបអរសាទររបស់. ឯកឧត្តម នៅឱកាសដែលសម្តេចបានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា ។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា ។ ជាកិច្ចឆ្លើយតប ឯកឧត្តម មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និងអរគុណ សម្តេចតេជោ និង វាយតម្លៃខ្ពស់នៃការចូលរួមរបស់សម្តេចតេជោ ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យ ឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកជំទាវ អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារ សម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន ។ ជាមួយគ្នានោះសម្តេចតេជោក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំនិងជាម្ចាស់។សម្តេចតេជោក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលបានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាននិងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុតហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិប្បធម៌ និងកីឡា៕

Powered by Blogger.